(ពុំមានឱវាទណាមួយ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅឱ្យមនុស្ស និង ទេវតា មានសេចក្តីខ្ជិលឡើយ )ចុចអានបន្តPDF... https://5000-years.org/kh/play/9299/5
• ពុំមានឱវាទណាមួយ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅឱ្យមនុស្ស និង ទេវតា មានសេចក្តីខ្ជិលឡើយ ប៉ុន្តែទ្រង់ត្រាស់សំដែងអំពីមនុស្សពាល ព្រោះកាត់បង់នូវប្រយោជន៍ទាំង ពីរ គឺប្រយោជន៍ក្នុងលោកនេះ និងប្រយោជន៍ក្នុងលោកខាងមុខ ។ https://5000-years.org/book/9299/chumnuoysati06.pdf ប្រយោជន៍ក្នុងលោកនេះ បានដល់ក្នុងលោកដែលកំពុងរស់នៅ មានអត្តភាពជាមនុស្ស ត្រូវប្រកបការងារ ៤ យ៉ាង ដើម្បីប្រយោជន៍សម្រាប់អ្នកដទៃផង ការងារ ៤ យ៉ាងនោះគឺ :
១ ~ #ឧដ្ឋានសម្បទា
- #ឧដ្ឋាន ប្រែថា កិរិយាតាំងឡើង កិរិយាក្រោកឡើង សេចក្តីព្យាយាម សេចក្តីក្រវើនក្រតើន ។
- #សម្បទា ប្រែថា កិរិយាដល់ព្រមឬធម្មជាតិជាហេតុដល់ព្រម ។
កិរិយាដល់ព្រមដោយសេចក្តីព្យាយាម គឺជាការងារ ទី ១ សម្រាប់ប្រយោជន៍ក្នុងបច្ចុប្បន្ន ភាគច្រើនមនុស្សយើងតែងយល់ច្រឡំ ឧដ្ឋានសម្បទាជាមួយគ្នានឹងលោភៈ ដូច្នេះហើយទើបសេចក្តីក្នុងអត្ថបទណា ដែលពោលអំពីទោសរបស់លោភៈ គេតែងមានគំនិតទាស់ ព្រោះគិតថាអត្ថបទនោះ ពោលទោសសេចក្តីប្រឹងប្រែងព្យាយាមរបស់គេ មិនចង់ឱ្យគេមានបាន ក្នុងសេចក្តីនេះវាមានការខ្វះខាតផងដែរ ចំពោះការពោលអំពីសេចក្តីសន្តោសនៃបុគ្គលខ្លះ ដែលគ្រាន់តែពោលរម្លឹកខ្លីៗថា « កុំឱ្យប្រឹងខ្លាំងពេក ស្លាប់ទៅមិនមែនយកទៅបានទេ » ។
ឧដ្ឋានសម្បទាមានការឧស្សាហ៍ជាលក្ខណៈ https://5000-years.org/kh/play/9299/5ប៉ុន្តែលោភៈមានការប្រកាន់ក្នុងអារម្មណ៍ដោយការជាប់ជំពាក់ជាលក្ខណៈ ។ ឧដ្ឋានសម្បទា មានការប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិ ដោយការងារប្រពៃ ប្រាសចាក ទោស ប្រាសចាកការចិញ្ចឹមជីវិតខុសជាសម្បត្តិដ៏ប្រសើរ មានឆន្ទៈពេញចិត្តក្នុងការងារដែលរកទោសពុំបាននោះ ជាគ្រឿងទ្រឱ្យកម្លាំងដល់សេចក្តីព្យាយាមពុំដាក់ចុះនូវធុរៈព្រោះសេចក្តីខ្ជិលឡើយ ដូច្នេះ ឧដ្ឋានសម្បទា រមែងធ្ងន់ក្នុងហេតុ គឺការងារស្អាតស្អំនិងមិនមើលងាយចំពោះជនដែលបានមក ព្រោះជាផលនៃការងារដែលប្រាសចាកទោស ទោះបីជាផលតិចឬច្រើនយ៉ាងណាៗក្តី ក៏មានសេចក្តីសន្តោស ត្រេកអរចំពោះសម្បត្តិដែលជាផលនោះ តាមមានតាមបាន ស្កប់ស្កល់ក្នុងចិត្ត បានយល់ដល់ការពិតថា ផលដែលបានសម្រេចមកនេះ សមគួរតាមហេតុ ប្រៀបដូចជាចំនួន ១០ វាជាផលរបស់ចំនួន ៥ បូកនិងចំនួន ៥ អ៊ីចឹងឯង ។
លោភៈពុំបានគិតផ្ចិតផ្ចង់ចំពោះហេតុ គឺការងារឱ្យបានស្អាតស្អំនោះទេ រមែងធ្ងន់ក្នុងផលដែលត្រូវបានសម្រេច ព្រោះការជាប់ជំពាក់ចិត្តយ៉ាងធ្ងន់ទៅក្នុងផលយ៉ាងនេះ ទើបវាជាបច្ច័យតាក់តែងឱ្យធ្វើនូវការងារសៅហ្មងបាន ដូចជាជំនួញ ៥ ប្រការជាដើម លក់ស្រា លក់ស្រី លក់គ្រឿងប្រហារ ថ្នាំពិស ថ្នាំបំពុល ចេះតែលក់គ្មានយល់អំពីទោសអ្វីៗទាំងអស់ មាន់ទាក្រពើជ្រូក ៘ ចិញ្ចឹមលក់ផងដែរ ម្យ៉ាងទៀតបើថារបស់របរនោះសមគួរនឹងលក់ហើយ ប៉ុន្តែដោយលោភៈនឹងចំណេញពេក ក៏ហ៊ានពោលកុហកដោយរបៀបផ្សេងៗ មានមុខរបរខ្លះទៀត លួចលាក់បោកប្រាស់ បន្លំទម្ងន់សុីភ្នែកជញ្ជីង របស់ក្លែងថាសុទ្ធ របស់ការឡៃថាពិត របស់ជិតថាមកអំពីនាយ ៘ និង ៘ ការងារសៅហ្មងប្រកបដោយទោស មានច្រើនទៀតណាស់ ព្រោះហេតុតែលោភៈជាប់ជំពាក់ក្នុងផលកម្រៃនោះឯង ។
ទោះបីការងារមិនបៀតបៀនសត្វដទៃមនុស្សដទៃក៏ដោយ ប៉ុន្តែលក្ខណៈរបស់លោភៈ គឺជាប់ជំពាក់ធ្ងន់ក្នុងសម្បត្តិដែលជាផល ញាប់ញ័រអន្ទះសាខ្វារក វាខុសអំពីឧដ្ឋានសម្បទា ដែលធ្ងន់ក្នុងហេតុ គឺជម្រះក្នុងកិច្ចការងារឱ្យស្អាតស្អំ មានសីល មានសម្មាទិដ្ឋិ ជាគ្រឿងគ្រប់គ្រង ពេញចិត្តក្នុងមុខរបរ ឬការចិញ្ចឹមជីវិត ដែលបរិសុទ្ធ សន្ដោសចំពោះផលដែលត្រូវបានពោលគឺមិនឱ្យលោភៈសក្ការៈ ផលកម្រៃគ្របសង្កត់ចិត្ត ហើយចិញ្ចឹមជីវិតខុសនោះឡើយ ។
២ - #អារក្ខសម្បទា - ដល់ព្រមដោយការរក្សាថែទាំសព្វគ្រប់ ជាទូទៅនូវសម្បត្តិដែលមាន ដែលស្វែងរកបាន នេះមិនមែនជាលក្ខណៈនៃការប្រកាន់មាំ ឬស្វិតកំណាញ់នោះទេ ប៉ុន្តែជារឿងមារយាទប្រពៃ មិនប្រហែសធ្វេស ។ ទ្រព្យសម្បត្តិដែលបានមកប្រកបដោយធម៌ ជាផលនៃឧដ្ឋានសម្បទា កាលណាបើគ្រប់គ្រងការពារបានល្អ វាធ្វើឱ្យមានលំនឹងក្នុងការងារដែលស្អាតស្អំ ដោយមិនគិតរាយមាយក្នុងការងារប្រចាំថ្ងៃ មិនមែនមិនឱ្យអស់ខ្លះទៅនោះទេ តែកុំឱ្យអស់ក្នុងអបាយមុខ កុំឱ្យអស់ដោយការធ្វេសប្រហែសផ្សេងៗ មិនមែនប្រឆាំងជាមួយធម៌អនិច្ចំទេ ប៉ុន្តែអារក្ខសម្បទាមានឧបការៈជួយដល់ឧដ្ឋានសម្បទា ក្នុងការប្រឆាំងជាមួយមិច្ឆាជីវៈ គឺការចិញ្ចឹមជីវិតមិនបរិសុទ្ធរបស់ខ្លួនឯង ។
អារក្ខសម្បទាមិនមែនបដិសេធចោលនូវធម៌ជាអនត្តាដែលថាមិនមែនតួខ្លួន មិនមានអ្វីជារបស់ខ្លួននោះទេ អនត្តាគឺជាលក្ខណៈនៃបរមត្ថធម៌ ឯចំណែកអារក្ខសម្បទាគឺជាមារយាទប្រពៃ ប្រព្រឹត្តទៅជាមួយមហាកុសលច្រើនបែប មានបញ្ញត្ដិជាអារម្មណ៍ ។ មារយាទប្រពៃក្នុងការថែទាំរក្សានូវទ្រព្យសម្បត្តិ ជាបុព្វហេតុនៃការធ្វើទានដោយគោរព រក្សាសីលដោយគោរព និង គោរពក្នុងបុណ្យកុសលផ្សេងៗទៀត ផ្ទុយមកវិញ មនុស្សអត់មារយាទគឺមារយាទអន់ រមែងខ្ជីខ្ជា ខ្ជះខ្ជាយនូវទ្រព្យសម្បត្តិ មិនប្រយ័ត្នត្រូវបាត់បង់ ឯចំណែករបស់ប្រើប្រាស់ ប្រើដៃធ្ងន់នាំឱ្យឆាប់ខូចខាត បានលុយមកសង្វាតរកថ្មី សូម្បីមុខរបរទទួលទានក៏មិនឆ្លាត រកចេះតែខាត ទិញអស់លុយច្រើន លក់ទៅវិញបានលុយតិច ឃើញថាប្រឹងណាស់ដែរ ប៉ុន្តែជំពាក់ប្រាក់គេជុំទិស ម្លោះហើយមានទឹកចិត្ដឯណាក្នុងការធ្វើទានរក្សាសីល ដូច្នេះមារយាទអន់ចូលក្នុងប្រធាននៃសេចក្តីវិនាស ។
អារក្ខសម្បទា គឺជាកិច្ចការដើម្បីប្រយោជន៍ក្នុងជីវិតបច្ចុប្បន្ន ជារបងឬជាអ្នកយាម ឱ្យបានគង់វង្សនូវទ្រព្យសម្បត្តិសម្រាប់រស់ ជាកាំជណ្តើរឡើងទៅរកប្រយោជន៍អនាគត និងប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុត បានដល់ការរំលត់ទុក្ខទាំងពួង ។
អារក្ខសម្បទា ប្រៀបដូចជាភរិយាដែលជានារីគ្រប់លក្ខណ៍ មានមារយាទល្អ ចេះទុកដាក់ថែទាំនូវទ្រព្យសម្បត្តិដែលស្វាមីស្វែងរកបានមក ឯចំណែកឧដ្ឋានសម្បទា ប្រៀបដូចស្វាមីដែលប្រឹងប្រែងខ្មីឃ្មាត ធ្វើការប្រមូលទ្រព្យចិញ្ចឹមបុត្រភរិយាដោយល្អ ។
៣ - #កល្យាណមិត្តតា - ជាអ្នកមាននូវមិត្តល្អ ជ្រើសរើសមនុស្សសម្រាប់សេពគប់ ដាច់ខាតត្រូវប្រយ័ត្នឱ្យណាស់ កុំឱ្យសេពគប់ជាមួយមនុស្សផ្តេសផ្តាស ។
មិត្តល្អមានឧបការៈជួយឱ្យកិច្ចការបានសម្រេច ជួយមិនឱ្យបាត់បង់នូវការងារល្អ ជួយដល់សម្បទាទាំងពីរខាងដើមឱ្យកាន់តែចម្រើន ខ្ញុំព្រះករុណា ខ្ញុំបាទបានសរសេរច្រើនហើយអំពីមិត្តប្លមនិងមិត្តមិនល្អ ក្នុងសៀវភៅ #មនុស្សជាមួយនឹងការងារ ដូច្នេះក្នុងសៀវភៅនេះមិនបានអធិប្បាយច្រើនទេ គ្រាន់តែបញ្ជាក់ពួកធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង អំពីប្រយោជន៍បច្ចុប្បន្នទាន់ភ្នែកតែប៉ុណ្ណោះ ។
ប្រយោជន៍គ្រប់យ៉ាងដែលត្រូវបានសម្រេច រមែងសម្រេចអំពីការងារដោយសេចក្តីប្រឹងប្រែងធ្វើការ មិនមែនបានមកអំពីការខ្ជិលច្រអូសឡើយ សូម្បីតែនៅក្នុងរឿងកល្យាណមិត្តនេះ ក៏ព្រះសម្មាសម្ពុទ្ធត្រាស់សំដែងរឿយៗ អំពីគុណប្រយោជន៍ទាំងផ្លូវលោកទាំងផ្លូវធម៌ ដើម្បីឱ្យពុទ្ធបរិស័ទយកចិត្តទុកដាក់ក្នុងរឿងសេពគប់ ត្រូវមានស្មារតីប្រឹងប្រែងប្រុងប្រយ័ត្នក្រែងលោរបៀបដូចអជាតសត្តុ ដែលត្រូវទោសអនន្តរិយកម្ម ព្រោះសេពគប់ជាមួយទេវទត្ត ។
វល្លិល្វីងសោះទេ ប៉ុន្តែក្លាយទៅជាតំណាប់ ព្រោះនៅជាមួយស្ករ សេះល្អទៅជាខ្ចកជើងព្រោះរៀនដើរតាមម្ចាស់ដឹកមុខ ដែលម្ចាស់នោះខ្ចកជើង សូម្បីគេមិនបានបង្រៀនវាក៏ដោយ តែនេះព្រោះការនៅរួមជាមួយ ឬម្យ៉ាងទៀតដូចជាផ្លែឈើឬផ្កាឈើ ក៏អាចកាត់ឆ្លងគ្នាបាន ដោយអំណាចការដុះនៅជិតគ្នាដែរ ចាំបាច់និយាយថ្វីចំពោះមនុស្ស ដែលតែងតែនិយមធ្វើតាមៗគ្នានោះ ។
បុរសម្នាក់ត្រូវស្លាប់ដោយសារការយកខ្លាឃ្មុំជាមិត្ត នេះតាមរឿងនិទាន ដែលមានសេចក្តីថា មានបុរសម្នាក់ត្រូវការដេកក្នុងព្រៃ ទុកឱ្យខ្លាឃ្មុំជាមិត្តនៅយាមការពារ ពេលគាត់ដេកលក់ទៅ ក៏មានសត្វល្អិតមួយហើរមកទំខ្លួនគាត់ ខ្លាឃ្មុំយកចិត្តទុកដាក់ដេញសត្វល្អិតនោះណាស់ ប៉ុន្តែសត្វល្អិតពុំព្រមហើរទៅឆ្ងាយសោះ ដេញចុះដេញឡើងវាបានហើរមកទំត្រង់ចុងច្រមុះនៃបុរសនោះឯង ខ្លាឃ្មុំនឹកខឹងសត្វល្អិតនោះជាខ្លាំង ❝ យីអើ ! អាព្រហើននេះស្មានថាអញមិនហ៊ានសម្លាប់ឯងឬ ❞ រួចទៅខ្លាឃ្មុំបានលើកដុំថ្មយ៉ាងធំ គប់សម្លាប់សត្វល្អិតដែលទំត្រង់ច្រមុះនោះ ចំណែកមនុស្សក៏ត្រូវបែកក្បាលស្លាប់ទៅដែរ នេះជាគតិប្រាប់កុំឱ្យទុកចិត្ត ឬសេពគប់ជាមួយនឹងមនុស្សល្ងង់ខ្លៅ ។
៤ - #សមជីវិតា - មានការចិញ្ចឹមជីវិតស្មោះស្មើដោយប្រពៃ មិនក្បិតក្បៀតពេក ហើយក៏មិនខ្ជោកខ្ជាកពេកដែរ ។
គំនិតលៃលកថ្លឹងថ្លែងបែងចែក គឺជាជញ្ជីងជីវិត ការរស់នៅត្រូវមានតុល្យភាពក្នុងរឿងចំណូលនិងចំណាយ ។ ចូលច្រើនចាយតិចក៏គង់អស់ ព្រោះរបស់មិនទៀង ទាំងទ្រព្យសម្បត្តិ ទាំងជីវិត ប៉ុន្តែបើចំណូលនោះវាតិច ក៏ត្រូវរឹតត្បិតទៅតាមហ្នឹងដែរ ចាយខ្ជោកខ្ជាកពេកក៏មិនកើត ដូច្នេះត្រូវចេះលៃលក កុំឱ្យមានឈ្មោះថា កំណាញ់ក្រៅតម្រា ឬថាមនុស្សកញ្ជើធ្លុះ ។
របស់របរប្រើប្រាស់ត្រូវចេះសន្សំសំចៃ កុំឱ្យអ្វីៗរកតែចាស់មិនទាន់ រហ័សរហន់រកថ្មី ត្រូវចេះលៃលកទុកដាក់សម្រាប់ការពារពេលមានវិបត្តិផ្សេងៗ មិនមែនហាមមិនឱ្យចាយទេ ប៉ុន្តែកុំឱ្យសប្បាយតែពីរឿងចាយពេក របស់មានប្រើហើយប្រើសិនទៅ បើថាប្រាក់នោះវាច្រើនណាស់ ក៏លៃលកធ្វើទានជួយអ្នកអត់អ្នកឃ្លាន ឬក៏ជួយដល់សង្គមក្រុមគ្រួសារ ឬថាសង្គមធំៗតទៅទៀតទៅ ។
មានមនុស្សច្រើនណាស់ កាលដែលមិនទាន់សម្បូររបស់ប្រើប្រាស់ ផ្ទះតូចអាចនៅបាន ដល់ទៅត្រូវរកលុយបានក៏ភ្លើតភ្លើននឹងសម្ភារៈ ផ្ទះតូចក៏ចង្កៀត ផ្ទះធំក៏ចង្អៀត ផ្ទះល្វែងថានៅមិនស្រួល ព្រោះវាហប់ ម្យ៉ាងទៀតថាព្រោះវានៅជាប់គ្នា គ្រឹះស្ថានថានៅមិនបានដែរ ព្រោះវាអ៊ូអែពេក ៘ ការមិនស្កប់ស្កល់ធ្វើឱ្យមនុស្សដោះបំណុលពុំរួច ត្រូវជំពាក់បំណុលកាមតណ្ហារហូត ។
សម្បទា ៤ យ៉ាង សម្រាប់ប្រយោជន៍បច្ចុប្បន្ន ជាការបញ្ជាក់ថា ព្រះពុទ្ធសាសនាមិនមែនប្រដៅមនុស្សឱ្យខ្ជិលទេ ប៉ុន្តែប្រដៅឱ្យមនុស្សឧស្សាហ៍ព្យាយាមក្នុងផ្លូវត្រូវ ប្រដៅឱ្យមនុស្សមាននូវមារយាទល្អ ឱ្យមនុស្សចេះស្គាល់មនុស្សដែលគួរសេពគប់ឬមិនគួរ ព្រមទាំងប្រដៅឱ្យចេះស្គាល់ខ្លួនឯង ឱ្យចេះគោរពតួនាទីរបស់ខ្លួន ដឹងប្រមាណក្នុងការរស់នៅ ។
មនុស្សយើងរមែងប្រាថ្នា សុំឱ្យអាត្មាអញបាននូវភោគសម្បត្តិ បើបានមកប្រកបដោយធម៌រឹងរឹតតែប្រសើរ បំណងប្រាថ្នានេះ វាជាធម្មជាតិតែងតែមានជាធម្មតា សម្រាប់មនុស្សគ្រប់គ្នា បំណងប្រាថ្នានេះជាបរមត្ថធម៌ ពុំមែនជាបុគ្គលណាឡើយ នេះជាបំណងប្រាថ្នា ទី ១ ។
មនុស្សយើងសម្បូរភោគសម្បត្តិហើយ សេចក្តីប្រាថ្នាពុំចប់ឡើយ នៅប្រាថ្នាសុំឱ្យអាត្មាអញប្រកបដោយយស ទោះជាកិត្តិយសក្តី បរិវារយសក្តី ឥស្សរិយយសក្តី ក៏មានសេចក្តីពេញចិត្តទាំងអស់ រួចទៅនៅប្រាថ្នាញាតិមិត្តព្រមទាំងកូនចៅទៀតផង នេះជាបំណងប្រាថ្នា ទី ២ ។
ទ្រព្យសម្បត្តិសម្បូរហើយ ព្រមទាំងយសសព្វគ្រប់ទាំងអស់ មានពួកញាតិ មានពួកគាំទ្រ មានកូនមានចៅ ប៉ុន្តែនៅប្រាថ្នាសុំឱ្យអាត្មាអញអាយុវែង រស់នៅបានយូរ នេះជាបំណងប្រាថ្នា ទី ៣ ។
បំណងប្រាថ្នា ទី ៤ គឺក្រោយអំពីអាត្មាអញស្លាប់ទៅ សុំឱ្យបានទៅកាន់សុគតិភពទេវលោក ។ នេះឯងជាបំណងប្រាថ្នា ជាទីត្រូវការ ជាទីស្រលាញ់ ជាទីពេញចិត្ត រកបានដោយកម្រក្នុងលោកគឺ ចំពោះវត្ថុបំណងទាំង ៤ យ៉ាង ។
សម្បទា ៤ យ៉ាង គឺ
១ - សទ្ធាសម្បទា
២ - សីលសម្បទា
៣ - ចាគសម្បទា
៤ - និង បញ្ញាសម្បទា
ជាហេតុនាំឱ្យបានសម្រេចនូវវត្ថុបំណង ៤ ប្រការ ដូចដែលបានរៀបរាប់រួចហើយ បើសម្បទា ៤ យ៉ាងនេះ មានអំពីជាតិមុនៗមក ក៏នាំឱ្យបានសម្រេចនូវវត្ថុបំណង ៤ ប្រការក្នុងជាតិនេះ បើមានក្នុងជាតិនេះក៏សម្រេចប្រយោជន៍ទាំងក្នុងជាតិនេះ ទាំងក្នុងជាតិមុខវែងឆ្ងាយ ដូច្នេះ សម្បទា ៤ យ៉ាង គឺជាទីពឹងរបស់សត្វទាំងឡាយនៅពេលជិតស្លាប់ផង ជាទីពឹងក្នុងលោកខាងមុខផង ។
អត្ថបទពោលអំពីសេចក្តីសន្តោសនេះ ជាធម្មទានជួយឱ្យមនុស្សរស់នៅក្នុងសេចក្តីស្ងប់ សប្បាយជាប្រក្រតីក្នុងជីវិតរាល់ៗថ្ងៃ មិននៅក្នុងការគ្របសង្កត់របស់លោភៈ មានសេចក្តីក្សេមក្សាន្ត ព្រោះបាននូវគំនិតយល់ត្រូវ មានចិត្តសន្តោសចេះសុំខមាទោស ចេះឱ្យអភ័យមានអធ្យាស្រ័យយោគយល់ ជាចិត្តមិនមានរោគ មិនមានទោស ជាចិត្តឆ្លាត ពោរពេញដោយកុសលមានផលជាសុខ ចិត្ដដែលមាននូវសេចក្តីសន្តោសចេះអនុគ្រោះអ្នកដទៃ មិនប្រណាំងវាសនា តម្កល់ជីវិតក្នុង គុណធម៌ និងមានសទ្ធាប្រារព្ធសេចក្តីព្យាយាម ៕៚https://5000-years.org/kh/play/9299/5
( ជំនួយសតិ ភាគទី ៦ ទំព័រ ៥៩ - ៧១ )